គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា ដែលមានអ្នកតំណាងរាស្រ្តមកពីគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាបានអង្គុយរួមគ្នាដើម្បីរកដំណោះស្រាយ ជម្លោះដីធ្លីដ៏រាំរៃមួយនៅក្នុងខេត្តកំពង់ឆ្នាំង។ ជម្លោះនេះកើតមានអស់រយះពេលជិត១០ឆ្នាំមកហើយរវាង ប្រជាពលរដ្ឋនិងក្រុមហ៊ុនខេឌីស៊ីរបស់លោកស្រីជា ខេង ភរិយារបស់លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។
បន្ទាប់ពីបានទទួលពាក្យបណ្តឹង គណៈកម្មការទី១បានកោះហៅតំណាងក្រុមហ៊ុន តំណាងអង្គការសិទ្ធិមនុស្សធំៗចំនួនពីរគឺសមាគមសិទ្ធិមនុស្សអាដហុក និង លីកាដូ មកអង្គុយតុចរចារួមគ្នាដើម្បីទម្លុះទម្លាយភាពទាល់ច្រកក្នុងរឿង ជម្លោះដីធ្លីនេះ។
លោក អេង ឆៃអ៊ាង ប្រធានគណៈកម្មការទី១ មានប្រសាសន៍ថា នេះជាលើកដំបូង ហើយដែលគណៈកម្មការជំនាញរបស់រដ្ឋសភាបានកោះហៅតំណាងក្រុមហ៊ុន និងអង្គការសង្គមស៊ីវិលមកជជែកគ្នាដើម្បីរកដំណោះស្រាយ។ ក៏ប៉ុន្តែការជជែកលើកនេះមិនមានតំណាងប្រជាពលរដ្ឋណាម្នាក់បានចូល រួមទេ។ លោកមានប្រសាសន៍ថា ជំនួបលើកនេះ បើទោះបីជាមិនបានលទ្ធផលជាវិជ្ជមានក៏ដោយ ក៏នេះបានបង្ហាញឲ្យឃើញថា គណបក្សជាប់ឆ្នោតទាំងពីរនឹងធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហា វិវាទដីធ្លី។
លោកនី ចរិយា ប្រធានក្រុមស៊ើបអង្កេតរបស់សមាគមសិទ្ធិមនុស្សអាដហុកដែលបានចូលរួម ក្នុងជំនួបទល់មុខគ្នានោះ បានបញ្ជាក់ថា លោកបានដាក់របាយការណ៍ជូនគណៈកម្មការទី១អំពីជម្លោះដីធ្លីនៅភូមិ ឡពាង។ លោកបានលើកឡើងថា «យ៉ាងហោច វាគ្រាន់បើជាងអាណត្តិមុនៗ ដែលយើងគ្រាន់តែសុំដាក់ញាត្តិក៏គេមិនទទួល។ ប៉ុន្តែពេលនេះ វាបែរទៅជាគណៈកម្មការរបស់រដ្ឋសភា បើកឱកាសឲ្យយើងពន្យល់ បើកឱកាសឲ្យយើងបង្ហាញឯកសារ ហើយបើកឱកាសឲ្យយើងបង្ហាញជាមតិយោបល់របស់យើង»។
ដកស្រង់ពីគេហទំព័រវិទ្យុវីអូអេជាខេមរភាសាចេញផ្សាយថ្ងៃទី០៥ កញ្ញា ឆ្នាំ២០១៤។