ក្នុងសន្និសីទកាសែតស្តីពី ទិវាអន្តរជាតិប្រជាធិបតេយ្យ និងការបង្ហាញអំពីស្ថាន ភាពប្រជាធិបតេយ្យទាក់ទិននឹងបញ្ហាចម្បងនៅកម្ពុជា នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤ នាសកលវិទ្យាល័យខេមរៈ រាជធានីភ្នំពេញ ក្រុមអង្គការសង្គមស៊ីវិល បាន ចេញ សេចក្តី ថ្លែង ការណ៍រួម ដើម្បីស្នើឲ្យអ្នកពាក់ព័ន្ធទាំងអស់ ជួយដោះស្រាយបញ្ហាទាំង៣នោះ រួមមាន ទី១. ការផ្សះផ្សាជាតិ ដើម្បីប្រជាធិបតេយ្យ, ទី២. សមភាពរវាងស្រ្តី និងបុរសក្នុងការចូលរួមក្នុងវិស័យនយោបាយ និងថ្នាក់សម្រេចចិត្ត និងទី៣. សេរីភាពក្នុងការ បញ្ចេញមតិ ដែលជាបញ្ហាទាំងបីនេះ គឺជាចំណុចចំបងៗ កំពុងកើតឡើងនៅកម្ពុជា។
លោក គល់ បញ្ញា ប្រធានប្រតិបត្តិអង្គការខុមហ្រ្វែល បានសង្កត់ធ្ងន់លើ បញ្ហាការកំណត់អាណត្តិនាយករដ្ឋមន្រ្តី ឬនីតិប្រតិបត្តិ ថាវាជារឿងដែលសំខាន់បំផុត ដែលយើងត្រូវទាមទារ និងជម្រុញឲ្យមានការកំណត់ ដោយការធ្វើយុទ្ធនាការផ្សេងៗឲ្យខានតែបានក្នុងអាណត្តិបន្តបន្ទាប់ខាងមុខនេះ។ ក្រៅពីនេះលោកក៏បានលើកផងដែរ ពាក់ព័ន្ធការអត់ឱនផ្នែកនយោបាយ ការបោះឆ្នោត ឬប្រគួតប្រជែកដោយស្មើភាពគ្នា ដោយត្រឹមត្រូវ និងយុត្តិធម៌ ដោយគ្មានអំពើហិង្សា ការអត់ឱនឲ្យគ្នាទៅវិញទៅមករវាងអ្នកនយោបាយ អ្នកនយោបាយត្រូវចេះទទួលស្គាល់ពីភាពចាញ់ និងឈ្នះរបស់ខ្លួន និងសេរីភាពនៃការបញ្ចេញមតិ។
លោក បណ្ឌិត សុខ ទូច សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យខេមរៈ បានលើកឡើងពាក់ព័ន្ធ បញ្ហាកាន់អំណាចនៅកម្ពុជា ថាមាន៤ ប្រភេទគឺ ការឡើងកាន់អំណាចតាមរយៈ ការបន្តពូជ (រាជវង្សានុវង្ស ឬត្រកូល) ដោយការលើកបន្តុប ដោយការធ្វើបដិវត្ត និងចុងក្រោយគឺការឡើងកាន់អំណាចតាមរយៈការបោះឆ្នោត។
ចំនែកលោកស្រី រស់ សុភាព នាយិការអង្គការ GADC ជាវាគ្មិនប្រធានបទទី២ (វិសមភាព ស្រ្តីក្នុងវិស័យនយោបាយ និងនៅថ្នាក់សម្រេចចិត្ត)។ លោកស្រី បានលើកឡើងអំពីតួនាទីស្រ្តីដ៏សកម្មក្នុងវិស័យមួយចំនួន ដែលត្រូវការវត្តមានស្រ្តីជាចាំបាច់ មិនអាចខ្វះបាន ដូចជា វិស័យនយោបាយ កសិកម្ម ឧស្សាហកម្ម បញ្ហាដីធ្លី និងការទាមទារសិទ្ធិផ្សេងៗ ។ តែនៅក្នុងវិស័យនយោបាយ ចំនួនស្រ្តីនៅតែមានកំរិតនៅឡើយ។
លោក នី ចរិយា ប្រធានក្រុមស៊ើបអង្កេត នៃអង្គការអាដហុក ជាវាគ្មិនក្នុងសន្និសីទនោះដែរបានលើកឡើងពីសេរីភាពនៃការបញ្ជេញមតិ ជាអ្នកបង្កើតប្រជាធិបតេយ្យសេរី និងជាអ្នកថែរក្សារបបប្រជាធិបតេយ្យឲ្យគង់វង្ស។ សេរីភាព នៃការបញ្ចេញមតិ គឺជាបោះដូងនៃរបបប្រជាធិបេយ្យ។ ដើម្បីធានាឲ្យមានសេរីភាពនៃការបញ្ចេញមតិបាន វាទាល់តែមានការធានានូវសិទ្ធិក្នុងការទទួលបានព័ត៌មានដលប្រជាពលរដ្ឋ។
លោកបណ្ឌិត កែម ឡី អ្នកវិភាគឯករាជ្យ និងអ្នកស្រាវជ្រាវសង្គម បានបន្តថា សេរីភាពនៃការបញ្ចេញមតិ គឺជាសត្រូវរបស់របស់ផ្តាច់ការ របបកុម្មុយនីស្ត ប៉ុន្តែវាជាគោលការណ៍ស្នូលនៃរបបប្រជាធិបតេយ្យ។ ក្នុងនោះលោកបានលើកអំពី ការធ្លាក់ចុះនៃសេរីភាពនៃការបញ្ចេញមតិតាមរយៈការបោះឆ្នោត ដោយពីមួយអាណត្តិទៅមួយអាណត្តិ សំលេងអ្នកបោះឆ្នោតត្រូវថយចុះជារៀងរហូត និងត្រូវបានគេលួច និងបំបាត់មិនឲ្យប្រើប្រាស់សិទ្ធិតាមរយៈការបញ្ចេញឆន្ទៈដោយសំឡេងឆ្នោត។ សម្រាប់លោកបណ្ឌិត លោកគិតថា នៅកម្ពុជា គណបក្សសំឡេងភាគច្រើន គឺប្រឹងប្រែងធ្វើយ៉ាងណាដើម្បីជាន់ពន្លិចសំឡេងភាគតិចមិនឲ្យងើបក្បាលបាន។