ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី អះអាងថាលោកនឹងខិតខំធ្វើឲ្យដំណើរកែទម្រង់ការបោះឆ្នោត និងស្ថាប័នរដ្ឋផ្សេងៗ ឲ្យមានភាពរលូនឡើងវិញ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រតិកម្មខ្លាំងៗលើថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ និងថាលែងខ្វល់នឹងកំណែទម្រង់នេះទៀតហើយ។
ក្នុងកម្មវិធីហេលឡូវីអូអេ នៅយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ លោក សម រង្ស៊ី បានថ្លែងថាបើទោះជាមានបញ្ហាបន្តិចបន្តួច និងភាពរអាក់រអួ តែលោកថាលោកនឹងខិតខំស្តារស្ថានភាពនេះឲ្យមានភាពរលូនឡើងវិញ។លោកបញ្ជាក់ថា«ដំណើរការកែទម្រង់នៅតែឈានទៅមុខអញ្ចឹង ទោះជាមានបញ្ហាខ្លះ មានភាពរអាក់រអួល តែខ្ញុំនឹងខិតខំឲ្យដំណើរការនេះមានភាពរលូនឡើងវិញ»។បើតាមគម្រោង ការពិភាក្សាពីកំណែទម្រង់ការបោះឆ្នោត នឹងត្រូវបញ្ចប់នៅចុងខែកុម្ភៈ ឆ្នាំ២០១៥៕