EU សង្ឃឹមថារដ្ឋសភានឹងពិភាក្សា សេចក្តីព្រាងច្បាប់ស្តីពី សមាគម អង្គការក្រៅរដ្ឋាភិបាល មានភាពទូលំទូលាយ

2015-06-26 15:37:00 4777 Views

នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៥​នេះ នៅ​វិមាន​រដ្ឋសភា​​  សម្ដេចប្រធានរដ្ឋសភា​បាន​សម្ដែង ​ការ​ស្វាគមន៍​ចំពោះឯកឧត្ដម ហ្ស​ង់​ហ្វ្រ​ង់​ស្វ័​រ កូ​តាំង Jaan Francois cautain ​ដែលបានបញ្ចប់​អាណត្តិ​បេសកកម្ម​ការទូត​នៅ​កម្ពុជា ហើយ​ចូល​មក​សម្ដែង​ការគួរសម ​និង​ជម្រាបលាសម្ដេច​នា​ពេល​នេះ។ សម្ដេច​ក៏បាន​​កត់​សម្គាល់ ពីការ​​វិវត្តន៍នៃទំនាក់ទំនង ដែលកាន់តែប្រសើរ​ឡើង​រវាង ​កម្ពុជា និង​សហគមន៍​អឺរ៉ុប ​ចាប់​តាំង​ពី​លោក ហ្ស​ង់​ហ្វ្រ​ង់​ស្វ័​រ កូ​តាំង មក​ធ្វើជាឯក​អគ្គរដ្ឋទូត​នៅ​កម្ពុជា ​ដោយឯកឧត្ដម​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​កិច្ច​ សហ​ប្រតិបត្តិការ រវាង​កម្ពុជា ជា​មួយ​នឹង​បណ្ដា​ប្រទេស​ក្នុង​សហគមន៍​អឺរ៉ុប ទាំង​វិស័យ​នយោបាយ​ការទូត ពាណិជ្ជកម្ម អប់រំ ​វប្បធម៌ ទេសចរណ៍ និង​បណ្ដា​វិស័យ​ផ្សេងៗទៀត។ សម្ដេច​បាន​បន្ថែម​ថា ​សហគមន៍​អឺរ៉ុប គឺជា​ប្រទេស​ដៃគូ​អភិវឌ្ឍន៍​ដ៏​មាន​សារៈ​សំ​ខាន់​​របស់​កម្ពុជា។​

ពាក់ព័ន្ធ​នឹង​នយោបាយ​នាំ​ចេញពី​កម្ពុជា​ទៅ​សហគមន៍​អឺរ៉ុប សម្ដេច​បាន​​សំណូមពរ​ឱ្យ​បណ្ដា​ប្រទេស​នៅសហគមន៍​អឺរ៉ុប EU បើកទូលាយ​បន្ថែម​ទៀត​សម្រាប់​ផលិត​ផល ក៏ដូចជា​កសិផល​ពី​កម្ពុជា​ទៅ សហគមន៍​អឺរ៉ុប ដោយ​កុំឲ្យ​មាន​ជាប់​របាំង​ពាណិជ្ជកម្ម។

ដោយឡែកអំពីស្ថាប័នរដ្ឋសភា ​សម្ដេច​បាន​ជម្រាប​ជូន​ថា សម្រាប់​អាណត្តិ​រដ្ឋសភា​នីតិកាល​ទី​៥​នេះ រដ្ឋសភា​កម្ពុជា ​បានធ្វើ​វិសោធនកម្ម​ច្បាប់​សំខាន់ៗ រួម​ទាំង​ការ​ធ្វើ​កំណែ​ទម្រង់ (​គ ជ ប​) និង​ច្បាប់បោះឆ្នោត​។ កត្តាសំខាន់​មួយទៀត គឺ​គណបក្ស​ទាំងពីរ​ក៏បាន​បង្កើត​ឡើង​នូវ​វប្បធម៌​សន្ទនា ដែល​នេះ​ជា​គន្លឹះ​មួយ​ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​នានា ដែល​មិន​យល់​គ្នា ​រវាង​គណបក្ស​ទាំងពីរ ដែលមានអាសនៈក្នុងរដ្ឋសភា។

តប​នឹង​ការ​ស្នើ​សុំ​របស់​សម្ដេច​ប្រធានរដ្ឋសភា ឱ្យ​បណ្ដា​ប្រទេស​នៅ​សហគមន៍​អឺរ៉ុប​ បើក​ទូលាយ​បន្ថែម​ចំពោះ​ទំនិញ​ផលិតផល និង​កសិផល​ពី​កម្ពុជា​ទៅ​អឺរ៉ុប​នោះ ឯកឧត្ដម ហ្ស​ង់​ហ្វ្រ​ង់​ស្វ័​រ កូ​តាំង បាន​មាន​ប្រសាសន៍​ថាសម្រាប់​ទំនិញ​របស់​កម្ពុជា សហគមន៍​អឺរ៉ុប បាន​បើក​​ទូ​លាយ​ដោយ​មិន​មាន​របាំង​ពាណិជ្ជកម្ម​អ្វី​ទេ លើកលែងតែការ​នាំចូល​អាវុធ ហើយ​នឹង​ប្រភេទ​ទំនិញ​ដែល​មិន​មាន​អនាម័យ។

ឯកឧត្ដម ​បាន​លើក​ឡើង​ថា ក្នុង​អាណត្តិ​ការទូត​របស់ឯកឧត្ដម ​នៅ​កម្ពុជា ឯកឧត្ដម បាន​មើល​ឃើញ​ពី​ការ​វិវត្តន៍​រីកចម្រើន​របស់​កម្ពុជា ហើយ​ក្រោយ​ពេល​ដែល​គណបក្ស​ ​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភាទាំងពីរ​ស្រុះស្រួល​គ្នា​តាមរយៈ​វប្បធម៌​ សន្ទនា​គ្នា កាន់​តែ​ធ្វើ​ឲ្យ​កម្ពុជា​បោះជំហាន​ទៅមុខ​កាន់តែ​ល្អ។ ឯកឧត្ដម​បន្ថែម​​ថា បច្ចុប្បន្ន​នេះ​ សហគមន៍​អឺរ៉ុប​បាន​បន្ត​ការ​គាំទ្រ​ មក​លើ​ការដឹកនាំ​របស់​រាជរដ្ឋា​ភិបាល​កម្ពុជា ។​

ឯកឧត្ដម ​ចាប់អារម្មណ៍​ទៀត​ថា រដ្ឋសភា ​ក្រោម​ការដឹកនាំ​របស់​សម្ដេចចក្រី​ បាននឹង​កំពុង​ប្រព្រឹត្ត​ទៅ​យ៉ាង​ល្អ ដូចជា​បើក​ឲ្យ​មាន​ការពិភាក្សា​ចូលរួម​មតិយោបល់ ​តាមរយៈ​សិក្ខាសាលា​នានា និង​មាន​ការ​កោះហៅ​តំណាង​រាជរដ្ឋាភិបាល​មក​សាកសួរ​បំភ្លឺ​ជុំវិញ​បញ្ហា​មួយ​ ចំនួន ដែល​ទាំងនេះ​វា​ជា​តួនាទី​សំខាន់​របស់​រដ្ឋសភា។

ឯកឧត្ដមហ្ស​ង់​ហ្វ្រ​ង់​ស្វ័​រ កូ​តាំង ​ក៏បាន​លើកឡើង​អំពីសេចក្ដីព្រាង​ច្បាប់ស្ដីពី​ ​សមាគម និង​អង្គការ​ក្រៅ​រដ្ឋា​ភិបាល ដោយឯកឧត្ដមចាត់ទុកថា វា​ជា​ច្បាប់​មួយ​មាន​សារៈសំខាន់​ណាស់ ដែល​ប្រជាជន​កម្ពុជា​កំពុង​រង់ចាំ​មើល​ការរៀបចំ​ពិភាក្សា ថាតើវា​បាន​ទូលំទូលាយ​កម្រិត​ណា ហើយ​បន្ទាប់ពី​ច្បាប់​នេះ​ចេញទៅ គឺ​មាន​ការ​គាំទ្រ​ច្រើន​ប៉ុន​ណា ដោយឯកឧត្ដមសង្ឃឹមថា​រដ្ឋសភា​នឹង​មាន​ការពិភាក្សា​ដោយ​ទូលំទូលាយ។

តបនឹង​ការលើកឡើងអំពីសេចក្ដីព្រាងច្បាប់​ស្ដីពី ​សមាគមនិង​អង្គការក្រៅរដ្ឋាភិបាល សម្ដេច​ពញា​ចក្រី​បាន​បញ្ជាក់ថា បច្ចុប្បន្ន​គណៈ​កម្មាធិការ អចិន្ត្រៃយ៍​រដ្ឋសភា ​បាន​បញ្ជូនសេចក្ដីព្រាងច្បាប់នេះ​ឱ្យ​គណៈ​កម្មការ​ជំនាញ​របស់​រដ្ឋសភា​ ចំនួន​បី ​ពិនិត្យ​និង​សិក្សាគឺគណៈកម្មការទី៥នៃរដ្ឋសភា ដោយសហការជាមួយ​គណៈកម្មការទី៤ និងទី៦នៃរដ្ឋសភា ។​ហើយបន្ទាប់មក មុននឹង​​ដាក់​ចូល​ក្នុង​របៀបវារៈ​សម័យប្រជុំ​រដ្ឋសភា​ដើម្បី​អនុម័ត​ ​ក៏​នឹង​មានបើក​ជា​សិក្ខាសាលា​ពិភាក្សា​ជាលក្ខណៈ​ទូលំទូលាយ​ផង​ដែរ៕


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា