នៅរសៀលថ្ងៃទី០២ ខែកក្កដានេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងគណៈប្រតិភូ បានអញ្ជើញដល់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយសុវត្ថិភាពហើយ នៅម៉ោង១៧៖២០នាទី ម៉ោងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ត្រូវនឹងម៉ោង ១៥៖៣០នាទី ម៉ោងនៅប្រទេសកម្ពុជា នេះបើយោងតាមប្រភពព័ត៌មានពីលោកគឹម គុណវឌ្ឍ អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា។សូមបញ្ជាក់ផងដែរថា ការអញ្ជើញទៅប្រទេសជប៉ុនរបស់ថ្នាក់ដឹកនាំ និងគណៈប្រតិភូកម្ពុជាលើកនេះ ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី៧ ដែលនឹងប្រារព្ធធ្វើឡើងពីថ្ងៃទី២ ដល់ថ្ងៃទី៦កក្កដា នៅទីក្រុងតូក្យូ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលនេះ លោកនាយករដ្ឋមន្ដ្រី រួមជាមួយថ្នាក់ដឹកនាំនៃ បណ្ដាប្រទេសមេគង្គនឹងជួបជាមួយ ប្រធានរដ្ឋសភាជប៉ុន លោក តាដាម៉ូរី (TADAMORI) និងប្រធានព្រឹទ្ធសភាជប៉ុន លោក យ៉ាម៉ាហ្សាគី ម៉ាសាអាគី (YAMAZAKI Masaaki) ព្រម ទាំងទៅចូលរួមក្នុងព្រះរាជពិធីមួយនៅព្រះបរមរាជវាំងជប៉ុន ។ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយលោកនាយករដ្ឋមន្ដ្រីជប៉ុន ស៊ីន ហ្សូអាបេ ផងដែរ៕