នៅព្រឹកថ្ងៃព្រហស្បតិ៍ ក្នុងពិធី ចែកសញ្ញាប័ត្រជូននិស្សិតពុទ្ធិក សាកលវិទ្យាល័យសីហនុរាជ នៅវិទ្យាស្ថានជាតិអប់រំ ថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថារដ្ឋាភិបាលកម្ពុជា នឹងសើរើឡើងវិញនូវបង្គោលព្រំដែនដែលមានភាពលម្អៀងមួយចំនួនជាមួយវៀតណាមដែលរដ្ឋាភិបាលទាំងពីរ បានបោះរួចហើយចំនួន ៨៣ ភាគរយ នៅលើខ្សែព្រំដែនប្រមាណ១២៦០គីឡូម៉ែត្រ។
លោកបន្តថាបើទោះជាមានការចម្លងផែនទីសម្រាប់ប្រើប្រាស់ក្នុងការ បោះបង្គោលព្រំដែន តែផែនទីនោះមិនអាចខុសពីផែនទីបោនខ្នាត១/១០០០០០ ដែលតម្កល់នៅអង្គការសហប្រជាជាតិ។ លោកបានបញ្ជាក់ថា«បើចរចាមិនត្រូវគ្នា អូសបន្លាយក៏អូសទៅ ប្រសើរជាងវាបាត់ដី។ អញ្ចឹងហើយបានជាង៣០ឆ្នាំហើយ បានជាបោះមិនចេះចប់»។លោកបន្តថារដ្ឋាភិបាលនិងរូបលោកមិនអាចទ្រាំនឹងការចោទប្រកាន់លើ ការប្រើប្រាស់ផែនទីក្លែងក្លាយនេះបានទេ។ លោកបញ្ជាក់ថា៖«ព្រោះវាអយុត្តិធម៌ណាស់សម្រាប់ខ្ញុំព្រះករុណា ឬរាជរដ្ឋាភិបាលកម្ពុជា។ អញ្ចឹងទេត្រូវធ្វើរឿងនេះឲ្យដល់កោះដល់ត្រើយ»។