បន្ទាប់ពីសួរសុខទុក្ខសកម្មជនទាំង១១រូបនៅពន្ធនាគារព្រៃស លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងឲ្យដឹងថា សាលាឧទ្ធរណ៍នឹងឲ្យសកម្មជនទាំង១១រូបនៅក្រៅឃុំ ដោយអះអាងថាសាលាដំបូងបានកាត់ទោសដោយមិនមានវត្តមានរបស់មេធាវី សម្រាប់ចុងចោទ។ លោក កឹម សុខា បន្តថាកត្តាពីរយ៉ាងទៀតដែលនាំឲ្យមានការដោះលែងសកម្មជន ទាំងនោះ គឺដោយសារកិច្ចព្រមព្រៀងនយោបាយថ្ងៃទី២២ខែកក្កដា ឆ្នាំ២០១៤ និងវប្បធម៌សន្ទនាដែលគណបក្សទាំងពីរកំពុងតែពង្រឹង។
គណបក្សសង្រ្គោះជាតិបានហៅការកាត់ទោសសកម្មជនរបស់ខ្លួនផ្ទុយនឹងស្មារតីកិច្ចព្រមព្រៀងនយោបាយកាលពីថ្ងៃទី២២ខែកក្កដា ឆ្នាំ២០១៤។ លោក កឹម សុខា បន្តថាលោកនឹងជួបជាមួយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង តែមិនទាន់ដឹងថាពេលណាពិតប្រាកដនោះទេ។
គួររំលឹកថា ក្រោយហិង្សាក្បែរទីលានប្រជាធិបតេយ្យកាលពីឆ្នាំ២០១៤ លោក មាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សសង្គ្រោះជាតិមួយចំនួនទៀតត្រូវបានអាជ្ញាធរចាប់ខ្លួន។
ចំណែកខាង ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា(OHCHR Cambodia) បានចេញសេចក្តីថ្លែការណ៍ ចាត់ទុកការកាត់ទោសសកម្មជនគណបក្សសង្រ្គោះជាតិទាំង១១រូប មានភាពមិនប្រក្រតី ដោយអំពាវនាវឲ្យមានការកែប្រែ នៅពេលមានការប្តឹងទៅឧទ្ធរណ៍។