​គ​.​ជ​.​ប ថាការដោះស្រាយ​បណ្ដឹង​ក្នុង​ពេល​ចុះ​ឈ្មោះ​បោះឆ្នោត​ នឹង​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​កាន់តែច្រើន​

2015-07-31 10:01:00 4806 Views

សមាជិក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក ហ៊ីង ធី​ឬ​ទ្ធិ លើកឡើងថា ការអនុវត្ត​ការដោះស្រាយ​ពាក្យបណ្តឹង ​ក្នុងដំណាក់កាល​នៃ​ការចុះឈ្មោះ​បោះឆ្នោត​ នឹង​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធិ និង​កាតព្វកិច្ច​ចូលរួម​បោះឆ្នោត​កាន់តែច្រើន​។ 

​លោក ហ៊ីង ធី​ឬ​ទ្ធិ លើកឡើង​បែប​នេះ​ ក្នុង​កិច្ចពិភាក្សា​តុមូល​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ស្តី​ពី​អនុសាសន៍​ទាក់ទង​នឹង​បណ្តឹង​ក្នុងដំណាក់កាល​ចុះ​ឈ្មោះ​បោះឆ្នោត​។ លោក ហ៊ីង ធី​ឬ​ទ្ធិ មានប្រសាសន៍ថា កន្លងមក​ប្រជាពលរដ្ឋ​មានការ​អាក់អន់​ចិត្តច្រើន​ក្នុង​ការចុះឈ្មោះ​បោះឆ្នោត ​ដោយសារ​នីតិវិធី​មាន​ភាពសាំញ៉ាំ មាន​ការ​បាត់​ឈ្មោះ ការទទួល​ពាក្យបណ្តឹង​មាន​ភាពយឺតយ៉ាវ​ជាដើម​។ លោក​ថា គ​.​ជ​.​ប កំពុង​កែសម្រួល​នីតិវិធី​ពាក់ព័ន្ធ​នឹង​ការចុះឈ្មោះ​បោះឆ្នោត​នេះ ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ទៅ​បោះឆ្នោត​។ លោក​ថា៖ "អាណា ​ដែល​មាន​បញ្ហា​ពី​មុន​ យើង​រៀបចំឡើងវិញទាំងអស់​ ដើម្បី​ឲ្យ​អាចទទួល​យក​បាន​ទាំងអស់គ្នា​។ អ៊ីចឹង​សង្ឃឹម​ថា លើ​កនេះ​ប្រហែលជាមាន​តម្លាភាព​ ហើយ​គាត់អស់​ចិត្ត ហើយ​គាត់​មិនពិបាក​រក​ គាត់​មិនខ្វល់​នឹង​រឿង​បាត់​ឈ្មោះ គាត់​មិនពិបាក​នឹង​ដើរ​រក​ការិយា​ល័យ​ទៀត​ទេ"។

​លោក ហ៊ីង ធី​ឬ​ទ្ធិ បន្ថែមថា រាល់​បណ្តឹង​ពាក់ព័ន្ធ​នឹង​ការចុះឈ្មោះ​បោះ​ឆ្នោត​ត្រូវ​ធ្វើជា​ដំណាក់កាល ប៉ុន្តែ​ជា​ដំបូង​ត្រូវ​ប្តឹង​នៅ​កន្លែង​ចុះ​ឈ្មោះ​បោះឆ្នោត​ផ្ទាល់​។ លោក​ថា សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត ប្រជាពលរដ្ឋ​មិន​ចាំបាច់​មាន​អត្តសញ្ញាណ​បណ្ណ​ក៏បាន តែ​ត្រូវ​ធ្វើតាម​នីតិវិធី​។​

​នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល លោក គល់ បញ្ញា លើកឡើងថា គ​.​ជ​.​ប ត្រូវ​បង្កើត​គណៈកម្មកា​រ​ទទួល និង​អង្កេត​ពាក្យបណ្តឹង ព្រមទាំង​សម្រួល​ដល់​ដំណើរការ​នៃ​ការដាក់​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​ គ្រប់​ករណី​ណាមួយ​ដែល​ពួកគាត់​មិន​សុខចិត្ត​។ លោក​ថា៖ "ត្រូវ​តែមន្ត្រី ​ម្នាក់ដែល​ គ.ជ.ប ​នៅក្បែរហ្នឹង​ជួយ​បំពេញ​បណ្ដឹង​ឲ្យ​ប្រជាពលរដ្ឋ​ភ្លាម​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដាក់​បណ្ដឹង ព្រោះ​តែមាន​រារាំង មាន​បញ្ហា​ ធ្វើ​ឧបសគ្គដល់គាត់​ក្នុង​​ការ​ចុះឈ្មោះ គាត់​មាន​សិទ្ធិ​ប្តឹង។ អ៊ីចឹង​ការ​ទទួល​ពាក្យ​បណ្ដឹង​ត្រូវ​ឲ្យ​ស្រួល​ អត់​មានពេល​គាត់​សរសេរ ដេញគាត់ ខុស​បន្តិច​ អត់​ទទួល​ពាក្យ​បណ្តឹង ត្រូវ​តែទទួល​ ហើយ​ចាំ​មក​ស៊ើប​អង្កេត​ ផ្ទៀត​ផ្ទាត់​ក្រោយ​​"។

នៅ​ក្នុង​កិច្ចពិភាក្សា​តុមូល​នា​ព្រឹក​នេះ សម្ព័ន្ធ​កំណែទម្រង់​ការបោះឆ្នោត​(ERA) បាន​ផ្តល់​អនុសាសន៍រ​បស់​ខ្លួន​១០​ចំណុច​ឲ្យទៅ គ​.​ជ​.​ប ដើម្បី​កែប្រែ និង​ដាក់បញ្ចូល​ក្នុង​បទបញ្ជា នីតិវិធី និង​ការត្រៀម​រៀបចំ​ក្នុងដំណាក់កាល​ចុះ​ឈ្មោះ​បោះឆ្នោត​។ ឆ្លើយតប​នឹង​ការផ្តល់​អនុសាសន៍​នោះ​សមាជិក គ​.​ជ​.​ប លោក ហ៊ីង ធី​ឬ​ទ្ធិ មានប្រសាសន៍ថា​នឹង​យក​ទៅ​ប្រជុំ​ធំ​ជាមួយ​សមាជិក​ទាំង​៩​រូប រួម​នឹង​ម្ចាស់​ជំនួយ​ដែល​មាន​ជប៉ុន និង​សហភាពអឺរ៉ុប​ក្នុង​ការសម្រេច​ថា​នឹង​ទទួល​យក​ ឬ​យ៉ាងណា​៕ ប្រភពVOD


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា