លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃច័ន្ទទី១១ សីហា បានចុះហត្ថលេខាលើអនុក្រឹត្យដែលកំណត់មុខងារផ្ទៃក្នុងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ថ្មី ដោយឲ្យស្ថាប័នរៀបចំការបោះឆ្នោតនេះជ្រើសរើសមន្ត្រីរដ្ឋបាលថ្មី ហើយចាប់ផ្ដើមរៀបចំការបោះឆ្នោតដោយខ្លួនឯង ដែល គ្រោងធ្វើនៅឆ្នាំ២០១៧ និងឆ្នាំ២០១៨។គ.ជ.ប.ថ្មីដែលត្រូវបានបង្កើតឡើងកាលពីខែមេសា ដើម្បីឆ្លើយតបតាមការសន្យាដ៏សំខាន់ដែលគណបក្សប្រជាជនកម្ពុជា បានធ្វើចំពោះគណបក្សសង្គ្រោះជាតិនៅក្នុងកិច្ចព្រមព្រៀងនយោបាយ ២២ កក្កដា ឆ្នាំ មុននោះ បានរក្សាទុកបុគ្គលិករដ្ឋបាលចាស់របស់ គ.ជ.ប. ខណៈដែលរង់ចាំអនុក្រឹត្យនេះ។អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បានបញ្ចាក់កាលពីម្សិលមិញថា អនុក្រឹត្យដែលមាន២៧មាត្រានេះ អនុញ្ញាតឲ្យស្ថាប័នបោះឆ្នោតថ្មីដែលមានពីរគណបក្ស ជ្រើសរើសអគ្គលេខាធិការរបស់ខ្លួនផ្ទាល់ ដែលបន្ទាប់មកនឹងចាប់ផ្ដើមរៀបចំបញ្ជីឈ្មោះបោះឆ្នោតនៅទូទាំងប្រទេស និងចាត់ចែងថវិការបស់ គ.ជ.ប.។