ពលរដ្ឋរងគ្រោះដោយការបង្ក្រាបការតវ៉ាពីអាជ្ញាធរប្រមាណ ៤នាក់នៅខេត្តកោះកុង ដែលរងរបួសធ្ងន់ក្នុងហេតុការណ៍បង្ក្រាបដោយហិង្សាពីអាជ្ញាធរ មិនឲ្យមានការតវ៉ានោះ កំពុងស្វែងរកកិច្ចអន្តរាគមន៍ពីអង្គការសិទ្ធិមនុស្ស ដើម្បីទាមទារឲ្យមានអ្នកទទួលខុសត្រូវ។ចំណែកអាជ្ញាធរខេត្តថ្លែងថា ការប្តឹងផ្តល់ណាមួយ គឺជាសិទ្ធិរបស់ពលរដ្ឋ ប៉ុន្តែអាជ្ញាធរបដិសេធថាមិនបានប្រើហិង្សាណាមួយលើពួកគាត់នោះទេ។ពួកគាត់ថ្លែងកាលពីថ្ងៃទី៣ កញ្ញា ថា អាជ្ញាធរមានសមត្ថកិច្ច ត្រូវសងជំងឺចិត្តដល់ពួកគាត់ ព្រោះអាជ្ញាធរបានប្រើកម្លាំងបង្ក្រាបពួកគាត់ដោយហិង្សា ធ្វើឲ្យអ្នកខ្លះសន្លប់ និងរងរបួសធ្ងន់ធ្ងរ ហើយអាជ្ញាធរត្រូវទទួលខុសត្រូវចំពោះការបណ្តោយឲ្យមានក្រុមអ្នកតវ៉ាមួយក្រុមទៀត មកបង្ក្រាបអ្នកតវ៉ាដែលទាមទារឲ្យដោះលែងសកម្មជនបរិស្ថាន ៣នាក់ ដែលកំពុងជាប់ឃុំនៅខេត្តនេះ។