គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ស្នើទៅក្រសួងមហាផ្ទៃរកដំណោះស្រាយដើម្បីឲ្យព្រះសង្ឃអាចបោះឆ្នោតបានដូចពលរដ្ឋទូទៅ ដោយច្បាប់បោះឆ្នោតបច្ចុប្បន្នពីការកំណត់យកអត្តសញ្ញាណប័ណ្ណសម្រាប់ទៅបោះឆ្នោត ធ្វើឲ្យព្រះសង្ឃដែលពុំមានអត្តសញ្ញាណប័ណ្ណពុំអាចបោះឆ្នោតបាន។លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានថ្លែងកាលពីថ្ងៃចន្ទម្សិលមិញថា ច្បាប់បោះឆ្នោតបច្ចុប្បន្នបានកំណត់យកតែអត្តសញ្ញាណប័ណ្ណតែមួយគត់ជាឯកសារសម្គាល់ខ្លួនសម្រាប់បោះឆ្នោត ចំណែកឆាយាដែលព្រះសង្ឃប្រើប្រាស់សម្រាប់ជាប័ណ្ណសម្គាល់សង្ឃក៏ច្បាប់មិនអនុញ្ញាតដែរ។ លោកថា ចំណុចនេះធ្វើឲ្យមានបញ្ហាដល់ព្រះសង្ឃក្នុងការចុះឈ្មោះ និងទៅបោះឆ្នោត ដោយសារអនុក្រិត្យមួយរបស់រដ្ឋាភិបាលមិនអនុញ្ញាតឲ្យព្រះសង្ឃធ្វើអត្តសញ្ញាណប័ណ្ណនោះទេ។