គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដែលទើបតែបានរៀបចំរចនាសម្ព័ន្ធដឹកនាំឡើងវិញ ឥឡូវ គណបក្សនេះកំពុងតែបែកបាក់ថ្នាក់ដឹកនាំកំពូលរបស់ខ្លួន បន្ទាប់ពីបានប្រកាសជ្រើសរើសកាលពីដើមខែកញ្ញា នោះ។គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ នឹងធ្វើសមាជវិសាមញ្ញប្រកាសដកអនុប្រធានបក្សនេះមួយរូបជាផ្លូវការ នៅដើមខែតុលា ខាងមុខ។លោកបណ្ឌិត ហ៊ាង រិទ្ធី អនុប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ មានប្រសាសន៍ថា ក្រុមប្រឹក្សាវិន័យគណបក្ស បានសម្រេចដក លោក ហារី សំអាត ពីអនុប្រធានបក្សកាលពីថ្ងៃទី២៣ កញ្ញា ដោយសារតែលោកបានធ្វើខុសនឹងបទបញ្ជាផ្ទៃក្នុងរបស់បក្ស គឺដឹកនាំសមាជិកបក្សទៅចុះចូលជាមួយគណបក្សខ្មែរសាមគ្គី របស់ អ្នកស្រី ឡាក់ សុភាព។