លោក ហេង សំរិន ប្រធានរដ្ឋសភា បានបដិសេធសំណើរបស់តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ម៉ៅ មុនីវណ្ណ ក្នុងការសុំលិខិតបេសកកម្មចុះទៅពិនិត្យមើលព្រំដែននិងព្រៃឈើនៅ តំបន់កន្ទុយនាគ ខេត្តរតនគិរី។លិខិតរបស់លោក ម៉ៅ មុនីវណ្ណ ចុះថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០១៥ ឲ្យដឹងថាលោកបានស្នើលោក ហេង សំរិន ចេញលិខិតបេសកកម្មមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី០១ខែតុលា ចុះទៅពិនិត្យនិងស្វែងយល់ពីស្ថានភាពជាក់ស្តែងទាក់ទងនឹងបញ្ហាផ្លូវ គមនាគមន៍ ការជីករុករករ៉ែខុសច្បាប់ ការកាប់បំផ្លាញព្រៃឈើ(តំបន់ឧទ្យានវីរៈជ័យ)រួមនឹងការពិនិត្យ បង្គោលព្រំដែនដែលបានបោះរួច នៅតំបន់កន្ទុយនាគ ខេត្តរតនគិរី។ជាការឆ្លើយតប លោក ហេង សំរិន បានចារកាលពីថ្ងៃទី០១ខែតុលាលើលិខិតរបស់តំណាងរាស្រ្តថាតំណាងរាស្រ្តអាចអញ្ជើញទៅពិនិត្យបាន តែ”រដ្ឋសភាមិនចេញលិខិតបេសកកម្មឲ្យទេ វៀរលែងតែបេសកកម្មរបស់គណៈកម្មការជំនាញរដ្ឋសភា”។