ស្ថានទូតបារាំង ប្រចាំកម្ពុជា បញ្ជូនជំនាញការផ្នែកព័ត៌មានវិទ្យា លោក ហាមឺឌី (Hamidi) មកធ្វើការជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់រយៈពេលមួយសប្ដាហ៍ក្នុងខែតុលា នេះ។លោក ហាមឺឌី នឹងធ្វើការជាមួយ គ.ជ.ប សម្រាប់ការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ ដើម្បីទប់ស្កាត់ការចុះឈ្មោះឲ្យអ្នកដែលមិនមានសិទ្ធិចុះឈ្មោះបោះ ឆ្នោត ទប់ស្កាត់ការចុះឈ្មោះស្ទួន និងធានាឲ្យអ្នកមានសិទ្ធិបោះឆ្នោតមានលទ្ធភាពចុះឈ្មោះបោះឆ្នោត។ថ្លែងនៅក្នុងជំនួបជាមួយតំណាងស្ថានទូតបារាំង និងសហភាពអឺរ៉ុប កាលពីថ្ងៃទី៦ តុលា លោក គួយ ប៊ុនរឿន បញ្ជាក់ថា បញ្ជីបោះឆ្នោតត្រូវមានតម្លាភាព គុណភាព និងសុវត្ថិភាពនៃទិន្នន័យអ្នកបោះឆ្នោត ដែលចំណុចទាំងនេះត្រូវរៀបចំគ្រប់គ្រងតាមប្រព័ន្ធកុំព្យូទ័រ ប្រកបដោយប្រសិទ្ធភាពខ្ពស់។