កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ រដ្ឋាភិបាលកម្ពុជា បានអះអាងថាខ្លួនកំពុងតែពិចារណាវិធានការផ្លូវ ច្បាប់ទៅលើតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ដែលកំពុងស្នាក់នៅសហរដ្ឋអាមេរិក ករណីបន្តលើកឡើងពីបញ្ហាផែនទី។កាលពីថ្ងៃពុធ ទី៧ លោក អ៊ុំ សំអាន បានសរសេរនៅលើហ្វេសប៊ុករបស់លោកនិងផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានថា លោកបានរកឃើញផែនបោនខ្នាត១/១០០.០០០ តម្កល់នៅអង្គការសហប្រជាជាតិ ដែលលោកថាជាផែនទីចែងក្នុងមាត្រា២នៃរដ្ឋធម្មនុញ្ញកម្ពុជា។ លោកបញ្ជាក់ថាផែនទីបោនទាំងនេះបោះពុម្ពដោយក្រុមភូមិសាស្ត្រឥណ្ឌូចិន ឆ្នាំ១៩៥២, ១៩៥៣។ សេចក្តីបំភ្លឺរបស់អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថាលោក អ៊ុំ សំអាន “កំពុងបន្តចិញ្ចឹមនូវឧបាយកលទុច្ចរិត បំពុលបរិយាកាស អំពីបញ្ហាអធិបតេយ្យជាតិនិងបូរណភាពទឹកដី” ក្រោយពីរដ្ឋាភិបាលបានបញ្ចប់នូវការផ្ទៀងផ្ទាត់ផែនទីផ្លូវការនិងស្របច្បាប់។