លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទម្លាយថាភាគីវៀតណាមបានសុំចែកទឹកដីនៅតំបន់ដាក់ដាំដាក់ហូត ក្នុងខេត្តមណ្ឌលគិរី ដែលលោកអះអាងថាលោកបានប្រឆាំងដាច់ខាតចំពោះការទាមទារនេះ។លោក ហ៊ុន សែន បានថ្លែងបែបនេះ កាលពីល្ងាចថ្ងៃទី២៥ ខែតុលា ក្នុងពេល ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងប្រទេសបារាំងនិងនិស្សិតកម្ពុជា។ លោកបានថ្លែងថារដ្ឋធម្មនុញ្ញកម្ពុជាមានចំណុចខ្វះខាត ត្រង់ការចែងពីខ្នាតផែនទី ដែលលោកថាមិនអាចប្រើប្រាស់ជាមួយប្រទេសដទៃទៀតបាន រួមមានប្រទេសថៃនិងប្រទេសឡាវផ្សេងទៀត។