ប្រធានគណបក្សសង្គ្រោះជាតិ ចោទថា ការប្រើអំពើហិង្សាមកលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ពីររូបនោះ គឺជាក្រុមបាតុកររបស់គណបក្សប្រជាជនកម្ពុជា។ ចំណែកមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា វិញបដិសេធថា អំពើហិង្សានោះ មិនពាក់ព័ន្ធនឹងគណបក្សប្រជាជនកម្ពុជា ឡើយ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ នឹងដាក់ពាក្យប្ដឹងចំពោះករណីប្រើអំពើហិង្សាលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅខ្លោងទ្វាររដ្ឋសភា កាលពីថ្ងៃទី២៦ តុលា៖ «ខ្ញុំជឿថា ក្រសួងមានសមត្ថកិច្ចមិនពិបាករកភស្តុតាងនោះទេ ពីព្រោះថាកាមេរ៉ានៅរដ្ឋសភា និងនៅស្ថានទូតអូស្ត្រាលី ក៏គេថតបានដែរ»។