លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានថ្លែងថាសំណុំរឿងមួយចំនួនពាក់ព័ន្ធនឹងហិង្សានៅផ្លូវវ៉េងស្រេង ការធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ និងការបំផុសឲ្យកម្មករចេញតវ៉ានៅពេលមានភាពតានតឹងនយោបាយ មិនទាន់បានបិទបញ្ចប់នៅឡើយទេ។លោក ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងពិធីសម្ពោធគម្រោងការពារទឹកជំនន់និង កែលម្អប្រព័ន្ធលូ នៅពេលនិយាយពីការវាយតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិពីររូបនិងអ្នក រៀបចំបាតុកម្មកាលពីថ្ងៃទី២៦ខែតុលា ទាមទារឲ្យទម្លាក់លោក កឹម សុខា ពីតំណែង។បើទោះជា លោក ហ៊ុន សែន និយាយមិនបញ្ចេញឈ្មោះអ្នកជាប់ពាក់ព័ន្ធនឹងសំណុំរឿងនេះ តែលោកទំនងជាសំដៅទៅរកមេដឹកនាំគណបក្សសង្រ្គោះជាតិ គឺលោក សម រង្ស៊ី និងលោក កឹម សុខា។