លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិដែលសកម្មនឹងបញ្ហាព្រំដែន បានស្នើឲ្យរដ្ឋាភិបាលកម្ពុជាជ្រើសរើសផ្លូវប្តឹងទៅតុលាការអន្តរជាតិ ករណីប្រទាញប្រទង់គ្នាលើដីនៅតំបន់ដាក់ដាំដាក់ហ៊ូតនៃខេត្តមណ្ឌលគិរីដែលមានទំហំដី៥១គីឡូម៉ែត្រការ៉េ។លោក អ៊ុំ សំអាន បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា៖ “ផែនទីកម្ពុជាតម្កល់នៅអង្គការសហប្រជាជាតិ(UN)ដែលខ្ញុំបានទទួលគឺផ្ទាំងSre Khtumបោះពុម្ភឆ្នាំ១៩៥២(ស្របតាមមាត្រា២នៃរដ្ឋធម្មនុញ្ញ) ខ្សែព្រំដែនដើរតាមព្រែកដាក់ហ៊ូតមិនមែនខ្សែព្រំដែនដើរតាមព្រែកដាក់ដាំដូចការអះអាងរបស់វៀតណាមនោះទេ”។ លោកបន្តថារដ្ឋាភិបាលអាចប្រើផែនទីតម្កល់នៅអង្គការសហប្រជាជាតិនេះនិងសេចក្តីសម្រេចរបស់អគ្គទេសាភិបាលបារាំងប្រចាំឥណ្ឌូចិនឆ្នាំ១៩១៤ ដើម្បីទាមទារដីខ្មែរ៥១គីឡូម៉ែត្រការ៉េពីវៀតណាមមកវិញ។