បក្សប្រឆាំង និងអ្នកសិក្សាការអភិវឌ្ឍសង្គមសាទរចំពោះចំណាត់ការរដ្ឋាភិបាល ដែលបញ្ជាឲ្យពលរដ្ឋតាមព្រំដែនបញ្ឈប់ជួលដីឲ្យប្រទេសជិតខាង។លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ យល់ថា ចំណាត់ការនេះល្អដែរ តែទន្ទឹមនឹងនេះ រដ្ឋាភិបាលគួរមានចំណត់ការ លើរឿងពលរដ្ឋដែលកំពុងមានបញ្ហាដីធ្លី។ លោក អេង ឆៃអ៊ាង បន្តថា រដ្ឋាភិបាលខ្លួនឯង គួរបញ្ឈប់ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យបរទេស។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារាចរដល់ប្រជាពលរដ្ឋរស់នៅតាមព្រំដែន កុំឲ្យជួលដីឲ្យបរទេសទៀត ដែលមានដូចជាប្រទេសវៀតណាម ថៃ និងប្រទេសឡាវ។ចំណាត់ការរបស់ លោក ហ៊ុន សែន បែបនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី១៣ ខែវិច្ឆិកា។