លោក សម រង្ស៊ី ប្រធានគណបក្ស សង្រ្គោះជាតិ បានថ្លែងថាលោកនឹងត្រឡប់មកប្រទេសកម្ពុជាតាមគម្រោងរបស់លោក បើទោះជាមានការចាប់ខ្លួនក៏ដោយ ដោយបញ្ជាក់ថាបើទោះលោកត្រូវស្លាប់ ក៏លោកនឹងត្រឡប់មកកម្ពុជាវិញ។លោក សម រង្ស៊ី បានថ្លែងបែបនេះទៅកាន់ប្រជាពលរដ្ឋខ្មែរប្រមាណ១០០០នាក់ នៅទីក្រុងប៊ុសាននៃប្រទេសកូរ៉េខាងត្បូង កាលពីយប់ថ្ងៃទី១៤ខែវិច្ឆិកា ខណៈលោក និងលោក កឹម សុខា កំពុងបំពេញទស្សនកិច្ចនៅក្រៅប្រទេស។គួរបញ្ជាក់ផងដែរថា លោក សម រង្ស៊ី ត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារ២ឆ្នាំ ពីបទបរិហាកេរ្តិ៍ជាសាធារណៈនិងញុះញង់ ឲ្យមានការរើសអើង ដែលប្តឹងដោយ លោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បន្ទាប់ពីលោក សម រង្ស៊ី ថ្លែងនៅសារមន្ទីរជើងឯកកាលពីឆ្នាំ២០០៨ថាលោក ហោ ណាំហុង ជាអតីតមេគុកបឹងត្របែកសម័យខ្មែរក្រហម។តាមគម្រោងលោក សម រង្ស៊ី នឹងត្រឡប់មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកានេះ។