អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ អំពាវនាវឲ្យ រដ្ឋាភិបាលទម្លាក់ចោល ការចោទប្រកាន់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និង ស្នើឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បញ្ឈប់ការប្រើច្បាប់ព្រហ្មទណ្ឌក្នុងបំណងប្រឆាំងអ្នកនយោបាយ ក្រុមប្រឆាំង។សេចក្តីថ្លែងការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ កាលពីថ្ងៃ១៤ ខែវិច្ឆិកា លើកឡើងថា ក្រោយពីការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ព្រមានប្រើវិធានការផ្លូវច្បាប់ប្រឆាំងលោក សម រង្ស៊ី សាលាដំបូងរាជធានីភ្នំពេញក៏ចេញដីកានៅថ្ងៃទី១៣ ខែវិច្ឆិកា សើរើរឿងចាស់ចាប់លោក សម រង្ស៊ី ដាក់ពន្ធនាការគារ។ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ក៏អំពាវនាវឲ្យម្ចាស់ជំនួយរបស់កម្ពុជា ដាក់សម្ពាធលើលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ឈប់ប្រើរូបភាពច្បាប់ក្នុងបំណងទប់ទល់និងអ្នកនយោបាយក្រុមប្រឆាំង។លោក ប្រ៊ែដ អាដាម នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការឃ្លាំមើល សិទ្ធិមនុស្សអន្តរជាតិ ថ្លែងក្នុងសេចក្តីថ្លែងការណ៍ថា នៅពេលដែលក្រុមយោធាភូមាទទួលស្គាល់ថា ខ្លួនចាញ់ការបោះឆ្នោត លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បែរជាត្រៀមយកឈ្នះគណបក្សប្រឆាំងនៅអាណត្តិក្រោយដោយចាប់មេបក្ស ប្រឆាំងបញ្ជូលពន្ធនាគារ