ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានប្រកាសថាលោកពន្យារពេលត្រឡប់មកកម្ពុជាវិញ តាមគម្រោងនៅយប់ថ្ងៃចន្ទនេះ ក្រោយពីមានការស្នើសុំរបស់ក្រុមតំណាងរាស្រ្ត។លោកបានសរសេរនៅលើហ្វេសប៊ុករបស់លោកថា៖ “បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយសហការីនៅកម្ពុជានិងអង្គការអន្តរជាតិទ្រទ្រង់លទ្ធិប្រជាធិបតេយ្យមួយចំនួនដែលបានស្នើឲ្យខ្ញុំ លៃលកមកដល់ភ្នំពេញ ពេលថ្ងៃ ចៀសវាងពេលយប់ ហើយបានស្នើឲ្យខ្ញុំ ទុកពេលបន្តិចឲ្យមជ្ឈដ្ឋានការទូតនិងមិត្តបរទេសមួយចំនួនមានពេលធ្វើអន្តរាគមន៍ រកដំណោះស្រាយដោយសន្តិវិធី ចំពោះការកើនឡើងនៃអំពើហិង្សាថ្មីៗនេះនៅប្រទេសកម្ពុជា”។ លោកបន្តថា៖ “ខ្ញុំមិនទាន់មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅរាត្រីនេះទេ តែនឹងមកដល់ប្រទេសកម្ពុជាវិញ ក្នុងពេលឆាប់ៗខាងមុខនេះ”។ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិនិង សមាជិកព្រឹទ្ធសភា គណបក្សសម រង្ស៊ី ជាង៣០រូប នៅរសៀលថ្ងៃចន្ទនេះ បានសម្រេចឯកភាពគ្នាស្នើឲ្យ លោក សម រង្ស៊ី ពន្យារពេលត្រឡប់មកកម្ពុជា ដោយសារក្រុមតំណាងរាស្រ្តបារម្ភពីភាពមិនប្រក្រតីកើតឡើង។