ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) ផ្លូវការរបស់លោកបង្ហោះនៅប៉ុន្មាននាទីមុននេះមានខ្លឹមសារទំាងស្រុងថា "បន្ទាប់ពីទង្វើយ៉ាងយង់ឃ្នងមួយចំនួនថ្មីៗនេះ ពីសំណាក់គណបក្សប្រជាជនកម្ពុជា មកលើគណបក្សសង្គ្រោះជាតិ ក្នុងនោះមានការចាប់ខ្លួនសមាជិកព្រឹទ្ធសភាលោក ហុង សុខហួរ ដាក់ពន្ធនាគារមកទល់នឹងថ្ងៃនេះ, ការវាយដំយ៉ាងសាហាវមកលើតំណាងរាស្ត្រគណបក្សប្រឆាំង ២ រូបគឺលោក ញ៉យ ចំរើន និងលោក គង់ សភា, ការដកលោក កឹម សុខា ចេញពីតំណែងអនុប្រធានទី១ នៃរដ្ឋសភា -- មានទង្វើបន្ថែមទៀតជាចុងក្រោយ គឺការចេញដីកាឲ្យចាប់រូបខ្ញុំ ក្នុងឋានៈខ្ញុំជាប្រធានគណបក្សសង្រ្គោះជាតិ ទោះជាខ្ញុំមានអភ័យឯកសិទ្ធិសភាយ៉ាងណាក៏ដោយ ហើយនៅទីបញ្ចប់ ការបណ្តេញខ្ញុំចេញពីរដ្ឋសភា បន្ទាប់ពីការបោះឆ្នោតសម្រេចបែបនេះ ធ្វើឡើងដោយតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា តែប៉ុណ្ណោះក៏ដោយ ។
ទង្វើទាំងអស់នេះ ឈានទៅដល់ការបញ្ចប់តួនាទីរបស់គណបក្សប្រឆាំងតែមួយគត់ ដែលមានអសនៈក្នុងរដ្ឋសភា ហើយបង្ហាញថាប្រទេសកម្ពុជា បានវិលត្រឡប់ទៅរកប្រព័ន្ធបក្សតែមួយ ដូចមុនថ្ងៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ ១៩៩១។
ទង្វើទាំងអស់នេះ ពីសំណាក់គណបក្សប្រជាជនកម្ពុជា គឺជារដ្ឋប្រហាររដ្ឋធម្មនុញ្ញ ដែលនាំមកនូវផលប៉ះពាល់ផ្លូវច្បាប់ និងផ្លូវនយោបាយ ដូចរដ្ឋប្រហារយោធា ដែលពួកគេបានធ្វើនៅថ្ងៃ ៥-៦ កក្កដា ឆ្នាំ ១៩៩៧ អញ្ចឹងដែរ ។ ផលប៉ះពាល់ចម្បង គឺបំផ្លាញដំណើរការប្រជាធិបតេយ្យ ដែលមានធានាក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ចុះហត្ថលេខាដោយ ១៨ ប្រទេសជាមិត្ត ដោយមានការគាំទ្រពីអង្គការសហប្រជាជាតិផងដែរ" ។