រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរហាមប្រាម ប្រជាពលរដ្ឋខ្មែរទាំងអស់ ឲ្យបញ្ឈប់ការលក់ ឬ ជួល ដីស្រែ ដីចំការ ឬ ដីលំនៅឋានតាមព្រំដែន ឲ្យទៅប្រជាពលរដ្ឋ នៃប្រទេសជិតខាងដូចជា វៀតណាម ឡាវ និង ថៃ ដែលជាហេតុនាំឲ្យពលរដ្ឋខ្មែរបាត់បង់ប្រយោជន៍ និងបង្កឲ្យមានភាពស្មុគស្មាញដល់កិច្ចការរបស់គណៈកម្មាធិការ ចម្រុះកិច្ចការព្រំដែនក្នុងការអនុវត្តការងារ។សារាចរណែនាំនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីទទួលបានការណែនាំរបស់នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា សប្តាហ៍មុននេះ។សារាចរចុះហត្ថលេខាដោយលោក ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទើបទទួលបាននៅថ្ងៃទី១៨ ខែវិច្ឆិកា បានបញ្ជាក់ថា ការជួលដីរបស់ប្រជាពលរដ្ឋខ្មែរនៅតាមតំបន់ព្រំដែននាពេល កន្លងមក មានករណីខ្លះពុំមានឯកសារគតិយុត្ត ឬកិច្ចសន្យាជួលឲ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ឡើយ ជាហេតុធ្វើឲ្យ ម្ចាស់ដីជាជនជាតិខ្មែរបាត់បង់នូវផលប្រយោជន៍ នៅពេលមានវិមានកើតឡើង។