តំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិបានលើកឡើងថាប្រសិនបើប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានត្រឡប់មកកម្ពុជាតាមការគម្រោងទុក នោះនឹងមានអំពើហិង្សាកើតឡើងនិងការចាប់មនុស្សដាក់ពន្ធនាគារ។តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង បានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅរសៀលថ្ងៃពុធនេះថាការសម្រេចចិត្តរបស់ លោក សម រង្ស៊ី ក្នុងការពន្យារពេលចូលស្រុកចៀសមិនផុតពីការរិះគន់នោះទេ។ លោកបន្តថា៖ “សម រង្ស៊ី ពន្យារពេលមិនចូលស្រុក មនុស្សមួយចំនួនបាននិន្ទារិះគន់ថាសម រង្ស៊ី ជាអ្នកនយោបាយកំសាក មិនហ៊ានជាប់គុក ក្លាហានក្នុងស្នូក ... ។ តែបើ សម រង្ស៊ី ចូលស្រុកតាមការសន្យានាយប់ថ្ងៃទី ១៦-១១-២០១៥ ហើយមានអំពើហិង្សាកើតឡើងស្លាប់មនុស្សនិងមានការចាប់មនុស្សដាក់គុកច្រវាក់ ពេលនោះគេនឹងថ្កោលទោស សម រង្ស៊ី ជាអ្នកនយោបាយចង់បានតែប្រជាប្រិយភាពខ្លួនឯង ចង់ឲ្យគេហៅអ្នកក្លាហាន អត់គិតពីសុខទុក្ខរបស់ប្រជារាស្ត្រ ...”។