របាយការណ៍សកលមួយបានចាត់ចំណាត់ថ្នាក់កម្ពុជាក្នុងកម្រិតពិន្ទុ ទាបជាងគេគឺត្រឹមតែ ៨ ក្នុងចំណោម ១០០ ពិន្ទុសម្រាប់តម្លាភាពថវិកាជាតិដោយសារពលរដ្ឋនៅមានលទ្ធភាពតិចតួច ឬគ្មានលទ្ធភាពក្នុងការទទួលបានព័ត៌មានស្តីពីថវិកាជាតិដែលពួកគេ ត្រូវការដើម្បីយល់ពីថវិកា និងតម្រូវឲ្យរដ្ឋាភិបាលមានគណនេយ្យភាព។របាយការណ៍ស្តីពីការអង្កេតលើការផ្សព្វផ្សាយព័ត៌មានថវិកាជាតិ សម្រាប់ឆ្នាំ ២០១៥ នៃអង្គការភាពជាដៃគូថវិកាជាតិដែលចេញផ្សាយក្នុងសិក្ខាសាលាមួយ កាលពីម្សិលមិញដោយបានវាយតម្លៃប្រទេសចំនួន ១០២ ជុំវិញពិភពលោកលើទិដ្ឋភាព ៣ នៃការគ្រប់គ្រងរបស់រដ្ឋាភិបាលទៅលើហិរញ្ញវត្ថុសាធារណៈ និងរកឃើញថាប្រទេសកម្ពុជាស្ថិតក្នុងចំណោម ៣២ ប្រទេសដែលមានពិន្ទុទាបជាងគេនៅលើសន្ទស្សន៍តម្លាភាពថវិកា (Open Budget Index) ដែលប្រើប្រាស់លក្ខណៈវិនិច្ឆ័យត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដើម្បីផ្តល់ឲ្យប្រទេសនីមួយៗនូវពិន្ទុតម្លាភាពមួយលើកម្រិត ១០០ ពិន្ទុ។