លោក អ៊ុំ សំអាន មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដែលកំពុងស្ថិតនៅក្រៅប្រទេស បានលើកឡើងថា លោកនាយកដ្ឋមន្ត្រីហ៊ុន សែន កំពុងប្រើយុទ្ធសាស្ត្រផ្តួលមេដឹកនាំគណបក្សប្រឆាំងមិនឲ្យចូលស្រុក វិញ ដូចទៅនឹងការប្រើយុទ្ធសាស្ដ្រទម្លាក់សម្ដេចក្រុមព្រះឆ្នាំ ១៩៩៧។ការលើកឡើងនេះ បន្ទាប់ពីតុលាការបានចេញដីកាបន្តបន្ទាប់ឲ្យមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ចូលខ្លួនមកអនុវត្តទោសតាមសាលដីកាស្ថាពររបស់តុលាការ តាមបណ្តឹងរបស់រដ្ឋមន្ត្រីក្រសួងការបរទេសលោក ហោ ណាំហុង។ ចំណែកដីកាទី២ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ បានចេញដីកាបង្គាប់ឲ្យប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងនៅក្រៅប្រទេស ចូលខ្លួនមកតុលាការនៅដើមខែក្រោយ ពាក់ព័ន្ធនឹងសំណុំរឿងអតីតសមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ ករណីក្លែងបន្លំឯកសារ។លោក អ៊ុំ សំអាន បានសរសេរនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា «យុទ្ធសាស្ត្រ នេះគណបក្សប្រជាជនធ្វើបានជោគជ័យ ក្នុងការផ្តួលគណបក្សហ្វ៊ុនស៊ីនប៉ិច ដោយលោក ហ៊ុន សែន ទម្លាក់សម្តេចក្រុមព្រះក្នុងរដ្ឋប្រហារឆ្នាំ១៩៩៧ រួចបោះឆ្នោតឆ្នាំ១៩៩៨ ។ លោកបន្តថា « ឥឡូវនេះលោក ហ៊ុន សែន ប្រើយុទ្ធសាស្ត្រដដែលនេះ ដើម្បីផ្តួលគណបក្សសង្គ្រោះជាតិ ដោយគាត់មិនចង់ឲ្យលោក សម រង្ស៊ី វិលចូលស្រុកវិញ ដើម្បីចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតជាតិឆ្នាំ២០១៨។