មេដឹកនាំគណបក្សប្រឆាំងពីររូប អំពាវនាវឱ្យអ្នកគាំទ្រ និងថ្នាក់ដឹកនាំរក្សាភាពស្ងៀមស្ងាត់ និងប្រកាន់ខ្ជាប់អហិង្សា ខណៈលោកទាំងពីរកំពុងស្ថិតនៅក្រៅប្រទេស។ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី កាលពីថ្ងៃសៅរ៍បានថ្លែងពីទីក្រុងម៉ានីល ប្រទេសហ្វីលីពីន តាមរយៈវីដេអូឃ្លីបដែលមានរយៈពេលជិត ៤ នាទីមកថា ទោះជាមានព្រឹត្តិការណ៍ថ្មីៗមួយចំនួន និងស្ថានការណ៍នយោបាយមានការប្រែប្រួលយ៉ាងណាក៏ដោយ គឺជំហររបស់បក្សប្រឆាំងចង់ឱ្យមានការផ្លាស់ប្តូរដដែល។ លោកបញ្ជាក់ថា ការផ្លាស់ប្តូរនេះគឺធ្វើឡើងតាមរយៈការបោះឆ្នោតដោយសន្តិវិធី។ លោកមានប្រសាសន៍ថា៖ «ជំហររបស់យើង គឺអហិង្សា ភាពថ្លៃថ្នូរ ដើម្បីដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកភាពរុងរឿង»។ លោកបន្ដថា« គណបក្ស សង្គ្រោះជាតិមានអនុប្រធានលោក កឹម សុខា ខ្ញុំ សម រង្ស៊ី និងសហការី កំពុងតែជួបជុំគ្នានៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីននេះ ដើម្បីកំណត់យុទ្ធសាស្ត្ររបស់គណបក្សឱ្យស្របទៅនឹងស្ថានការណ៍ នយោបាយ»។