លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាលោកគាំទ្រការប្រយុទ្ធប្រឆាំងនឹងក្រុមអាយស៊ីស(ISIS) ដោយលោកថាការវាយបំបាក់ក្រុមប្រឆាំងនឹងភេរវកម្មអន្តរជាតិនិងក្រុម ជ្រុលនិយមនេះ ត្រូវការការដាក់ចេញនូវ"យន្តការរឹងមាំ ម៉ឹងម៉ាត់និងប្រទាក់ក្រឡាគ្នា"។លោកបានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំ កំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី៣នៃទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០១៥។បើតាមសុន្ទរកថារបស់នាយករដ្ឋមន្រ្តី លោក ហ៊ុន សែន បានថ្លែងនៅចំពោះមុខប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា ថា៖ “ខ្ញុំសូមធ្វើការកត់សម្គាល់ថាការបន្តប្រយុទ្ធប្រឆាំងនឹងភេរវកម្មអន្តរជាតិនិងក្រុមជ្រុលនិយមរដ្ឋអ៊ីស្លាម(ISIS) នៅតែជាប្រធានបទក្តៅគគុកនិងទាមទារឲ្យមានការរួបរួមគ្នារិះគិត រកដំណោះស្រាយ និងដាក់ចេញនូវយន្តការរឹងមាំ ម៉ឺងម៉ាត់ ប្រទាក់ក្រឡានិងបំពេញឲ្យគ្នាទៅវិញទៅមក ដើម្បីវាយបំបាក់និងកម្ទេចនូវបណ្តាញភេរវកម្មអន្តរជាតិនិង ក្រុមជ្រុលនិយមរដ្ឋអ៊ីស្លាម(ISIS) ក៏ដូចជាទប់ស្កាត់នូវការសាយភាយភាពជ្រុលនិយមទៅក្នុងតំបន់ផ្សេងៗទៀត”។