តំណាងរាស្ដ្របក្សប្រឆាំងពីររូបដែលបានទៅសម្រាកព្យាបាលខ្លួននៅ ប្រទេសថៃ ក្រោយពីមានបាតុករមួយក្រុមព្រួតគ្នាវាយឲ្យរងរបួសបាក់ឆ្អឹង ច្រមុះ និងផ្នែកខ្លះទៀតលើរាង្គកាយ អះអាងថា លោកនឹងត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី ២៤ ខែវិចិ្ឆកាស្អែកនេះ។តំណាងរាស្ដ្រខេត្ដស្វាយរៀង លោក គង់ សភា បានសរសេរបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកកាលពីថ្ងៃ អាទិត្យនេះថា រូបលោក និងលោក ញ៉យ ចំរើនដែលជាជនរងគ្រោះក្នុងព្រឹត្តិការណ៍ដ៏ឃោរឃៅកាលពីថ្ងៃទី ២៦ ខែតុលា និងបានសម្រាកព្យាបាលនៅប្រទេសថៃនោះ ពេលនេះពួកលោកមានអាការៈល្អប្រសើរហើយ ក្រោយពីគ្រូពេទ្យបានពិនិត្យយ៉ាងយកចិត្តទុកដាក់។ លោក គង់ សភា បានបន្ដថា៖ «ដូច្នេះយើងខ្ញុំទាំង ពីរនាក់មានគំរោងវិលត្រឡប់ទៅមាតុភូមិវិញនៅថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៥នេះ តាមជើងយន្តហោះបាងកកអ៊ែវ៉េ ចេញដំណើនៅម៉ោង ១"៣០នាទី និងទៅដល់នូវម៉ោង ២"៤០នាទី»។