លោក សម រង្ស៊ី ប្រធានគណបក្ស សង្រ្គោះជាតិ អះអាងថាការដែលលោកលុបចោលគម្រោងត្រឡប់មកប្រទេសកម្ពុជាវិញ ដោយសារតែលោកគិតពីអ្នកគាំទ្រនិងដោយសារមានការស្នើសុំពីតំណាង អង្គទូតមួយចំនួននៅប្រទេសកម្ពុជា។ក្រោយពីលោក សម រង្ស៊ី លុបចោលគម្រោងវិលត្រឡប់មកកម្ពុជាវិញកាលពីយប់ថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំ២០១៥ មានការរិះគន់ថាលោកជា”អ្នកនយោបាយកំសាក” ខណៈលោកកំពុងប្រឈមមុខនឹងដីកាចាប់ខ្លួន។ លោក សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃអាទិត្យថាមានមូលហេតុ៣យ៉ាង ដែលនាំឲ្យលោកលុបចោលគម្រោងមកកម្ពុជាវិញ។ លោកបញ្ជាក់ថា៖ “នៅរសៀលថ្ងៃទី ១៦ វិច្ឆិកានោះ ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិទាំងមូលនៅប្រទេសកម្ពុជា ក្នុងនោះមានតំណាងរាស្ត្រនិងសមាជិកព្រឹទ្ធសភាទាំងអស់ បានជួបជុំគ្នាហើយសម្រេចជាឯកច្ឆ័នស្នើឲ្យខ្ញុំលើកការវិលត្រឡប់របស់ខ្ញុំ មួយរយៈពេល ដោយសារតែសហការីរបស់ខ្ញុំទាំងនោះមានការព្រួយបារម្ភយ៉ាងខ្លាំងពីអំពើ ហិង្សាដែលអាចកើតឡើងពេលខ្ញុំមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅយប់ថ្ងៃទី ១៦ វិច្ឆិកានោះ”។