មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ កាលពីនៅថ្ងៃចន្ទម្សិលមិញបានឱ្យដឹងថា លោកនឹងពិគ្រោះយោបល់ជាមួយមេដឹកនាំបក្ស ដើម្បីសរសេរលិខិតជាផ្លូវការដាក់ទៅគណបក្សប្រជាជនកម្ពុជា យ៉ាងយូរបំផុតក្នុងសប្តាហ៍នេះ ក្នុងបំណងចរចារកដំណោះស្រាយផ្នែកនយោបាយ។លោក យ៉ែម បុញ្ញឬទ្ធិ បានអះអាងបែបនេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំមួយរវាងមន្រ្តីគណបក្សសង្គ្រោះជាតិ ទាក់ទងនឹងការធ្វើពហិកាមិនចូលប្រជុំសភា ដោយលោកអះអាងថា បញ្ហានយោបាយ នៅមិនទាន់មានដំណោះស្រាយនៅឡើយ។ លោកបន្តថា លោកនឹងពិគ្រោះយោល់ជាមួយប្រធានស្តីទីគណបក្សលោក កឹម សុខា ដើម្បីសរសេរលិខិតជាផ្លូវការដាក់ទៅគណបក្សប្រជាជនកម្ពុជា ដើម្បីរកដំណោះស្រាយនយោបាយតាមរយៈវប្បធម៌សន្ទនា។