លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងនៅរដ្ឋសភាថាការបង្កើនកម្ចីបរទេសចាប់ពីឆ្នាំ២០១៦ ធ្វើឡើងស្របតាមកំណើនសេដ្ឋកិច្ចកម្ពុជា ដែលលោកអះអាងថាមិនធ្វើឲ្យកម្ពុជា”ជំពាក់វ័ណ្ឌក”នោះទេ។លោកបានថ្លែងបែបនេះទៅកាន់តំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា៦៦រូបក្នុងចំណោម៦៨រូប ដែលបានចូលរួមប្រជុំសភានៅព្រឹកថ្ងៃចន្ទនេះ ដើម្បីពិភាក្សានិងអនុម័តច្បាប់ស្តីពីការគ្រប់គ្រងថវិកាជាតិឆ្នាំ២០១៦។ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិទាំង៥៥រូប បានធ្វើពហិការមិនចូលរួមប្រជុំសភានោះទេ ដោយសារភាពតានតឹងនយោបាយក្នុងរយៈពេលចុងក្រោយនេះ។រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចបានថ្លែងថា កម្ពុជាមានគម្រោងខ្ចីប្រាក់ពីបរទេសប្រមាណ៩៨០ទៅ១១២០លានដុល្លារក្នុង មួយឆ្នាំចាប់ពីឆ្នាំ២០១៦ ដោយលោកថាចំនួននេះស្មើនឹង៤,៧ភាគរយនៃ ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា(GDP)សម្រាប់ឆ្នាំក្រោយៗទៀត