លោកអ៊ុំ សំអាន តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប មកពីគណបក្សសង្គ្រោះជាតិ ដែលសកម្មក្នុងរឿងព្រំដែនកម្ពុជា និងវៀតណាម បានលើកឡើងក្នុងបណ្ដាញសង្គមហ្វេសប៊ុក របស់លោកថា រដ្ឋា ភិបាលប្រើផែនទីបោន ខ្នាត 1/100.000 ចំនួន២៦ផ្ទាំង ដើម្បីផ្ទៀងផ្ទាត់ជាមួយផែនទីបោនខ្នាត 1/100.000 របស់រដ្ឋាភិបាលបារាំង និងផែនទី UTM ខ្នាត 1/100.000 របស់អង្គការសហប្រជាជាតិ ប៉ុន្តែពេលបោះបង្គោលព្រំដែន រដ្ឋាភិបាលបែជាប្រើផែនទី UTM ខ្នាត 1/50.000 ចំនួន៤០ផ្ទាំង (ចែងក្នុងទំព័រទី១២នៃ សន្ធិសញ្ញាឆ្នាំ ១៩៨៥ និងប្រការ៣ចំណុច២នៃសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥)ទៅវិញ ។នៅក្នុងនោះផងដែរលោកបញ្ជាក់ថា ការបោះបង្គោលរវាងកម្ពុជា ជាមួយប្រទេសវៀតណាម បានប្រើផែនទី UTM ខ្នាត 1/50.000 ចំនួន២៦ផ្ទាំង ដែលចម្លងពីផែនទីបោនខ្នាត 1/100.000 ចំនួន២៦ផ្ទាំងផងដែរ នៅក្នុង"ប្រការ៣ចំណុច១នៃសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥" (ចម្លងនិងបោះពុម្ភនៅប្រទេសវៀតណាម) ឯផែនទីបោនខ្នាត 1/100.000 គ្រាន់តែប្រើអមប៉ុណ្ណោះ។ ដោយផែនទីបោនប្រើមុំ ឯផែនទី UTM ប្រើម៉ែត្រ ដូច្នេះមានតែផែនទី UTMទេ ដែលស៊ីគ្នាជាមួយ GPS និងបច្ចេកវិទ្យាទំនើប ចំណែកផែនទីបោនមិនស៊ីគ្នាជាមួយ GPS និងបច្ចេកវិទ្យាទំនើបនោះទេ។