លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងថាក្រុមហ៊ុនInternational Rainbowនិងក្រុមហ៊ុនDirect Access ជាក្រុមហ៊ុនដែលគ្រប់គ្រងដោយខ្មែរ មិនមែនវៀតណាមនោះទេ ហើយលោកថាក្រុមហ៊ុនទាំងពីរ បានគោរពតាមការណែនាំរបស់រដ្ឋាភិបាលក្នុងការធ្វើអាជីវកម្មបូមខ្សាច់។លោក ហ៊ុន សែន លើកឡើងបែបនេះជាការឆ្លើយតបទៅនឹងលិខិតរបស់តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក សុន ឆ័យ ករណីស្នើសុំពន្យល់បែបបទនិងការគ្រប់គ្រងការធ្វើអាជីវកម្មខ្សាច់និងសំណើពិនិត្យមើលការបូមខ្សាច់”យ៉ាងអនាធិបតេយ្យរបស់ក្រុមហ៊ុនវៀតណាមចំនួន២នៅខេត្តកោះកុង”។លិខិតឆ្លើយតបរបស់លោក ហ៊ុន សែន ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឲ្យដឹងថារដ្ឋាភិបាលតែងតែគិតគូរអំពីការស្តារព្រែក ស្ទឹង ទន្លេ ដែលត្រូវកកស្ទះមុខទឹក ដោយសារតែល្បាប់ភក់និងខ្សាច់ ក្នុងគោលបំណងសំដៅសម្រួលការធ្វើចរាចរ ការដឹកជញ្ជូនតាមផ្លូវទឹក ការផ្គត់ផ្គង់ខ្សាច់ក្នុងទីផ្សារក្នុងស្រុក ពិសេសសម្រួលដល់ចរន្តទឹកហូរ។