ក្រសួងការបរទេសកម្ពុជាប្រតិកម្មទៅនឹងស្ថាប័នសហគមន៍អន្តរជាតិមួយចំនួនដែលចេញសេចក្ដីថ្លែងការណ៍បន្តបន្ទាប់រិះគន់រាជរដ្ឋាភិបាលកម្ពុជាចំពោះករណីលោក សម រង្ស៊ី លោក កឹម សុខានិងអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង២រូប ដែលត្រូវបានបាតុករវាយឱ្យរងរបួស។សេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជាដែលបំភ្លឺករណីរបស់អ្នកតំណាងរាស្ត្របក្សសង្រ្គោះជាតិ ធ្វើឡើងដោយមានការបំភ្លឺរួមគ្នាចំពោះញត្តិរបស់សភាសហភាពអឺរ៉ុប សេចក្តីថ្លែងការណ៍របស់តំណាងស្នងការសិទ្ធិមនុស្សនៅកម្ពុជា លោកស្រី Rhona Smithនិងសេចក្តីថ្លែងការណ៍ឆ្លើយតបនឹងលោក Charles Santiago សមាជិកសភាម៉ាឡេស៊ីនិងជាប្រធានអង្គការសភាអាស៊ានផ្នែកសិទ្ធិមនុស្សដែលលើកឡើងនិងព្រួយបារម្ភអំពីការស្ថានការណ៍នយោបាយនៅកម្ពុជានៅពេលចុងក្រោយនេះ។សេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជាដែលផ្សព្វផ្សាយនៅថ្ងៃទី២ ធ្នូឆ្នាំ២០១៥នេះទៅកាន់ស្ថាប័នសហគមន៍អន្តរជាតិទាំង៣នេះ មានការពន្យល់និងបកស្រាយប្រហាក់ប្រហែលគ្នា ដោយអះអាងថា ទាំងករណីលោក សម រង្ស៊ី ករណីលោក កឹម សុខា គឺជាការអនុលោមទៅតាមច្បាប់ប្រទេសកម្ពុជា។