លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានចេញបញ្ជាឲ្យស្ថាប័នពាក់ព័ន្ធធ្វើការជាមួយស្ថាប័ន ធនាគារក្នុងការពិនិត្យការជំពាក់បំណុលរបស់ប្រជាកសិករ ដោយស្នើកុំឲ្យមានការបង្កើនការប្រាក់ឬរឹបអូសទ្រព្យសម្បត្តិ ប្រសិនបើមានករណីកសិករមិនអាចសងប្រាក់ឲ្យទាន់ពេលវេលា ដោយសារប្រឈមមុខនឹងការធ្វើស្រែចម្ការ។លោក ហ៊ុន សែន លើកឡើងបែបនេះនៅលើទំព័រហ្វេសប៊ុករបស់លោក ដោយលោកសរសេរថាកសិកម្មឆ្នាំនេះ ពិសេសដំណាំស្រូវ ទាំងស្រូវវស្សា ទាំងស្រូវប្រាំង បាននិងកំពុងប្រឈមនឹងការខ្វះខាតទឹក។ លោកបន្តថា៖ “ស្ថាប័ន ហិរញ្ញវត្ថុនិងធនាគារត្រូវធ្វើការជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុ ដើម្បីរកវិធីអនុគ្រោះមួយចំនួនជូនប្រជាជនដែលរងគ្រោះ ដូចជាពន្យារពេលសងឬពន្យារពេលសងដោយមិនយកការប្រាក់ ឬបន្ថយការប្រាក់។ ទប់ស្កាត់ការឆ្លៀតឱកាសរឹបអូសដីធ្លី ផ្ទះសម្បែង ទ្រព្យសម្បត្តិ។ល។ ពីសំណាក់ម្ចាស់បំណុល ចំពោះកូនបំណុលដែលកំពុងជួបការលំបាកដោយសារគ្រោះធម្មជាតិ”។