សភាសហរដ្ឋអាមេរិក ជំរុញឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ចប់នូវរាល់ការធ្វើទុក្ខបុកម្នេញលើលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងត្រូវប្រគល់សមាជិកភាពតំណាងរាស្ត្រទៅឲ្យលោក សម រង្ស៊ី វិញ។ ការទទូចនេះ ធ្វើឡើងនៅក្នុងលិខិតមួយច្បាប់ដែលសភាសហរដ្ឋអាមេរិក បានផ្ញើទៅកាន់លោក ហ៊ុន សែន កាលពីថ្ងៃទី៣ ខែធ្នូ។បន្ទាប់ពីស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា និងក្រសួងការបរទេសសហរដ្ឋអាមេរិក ពេលនេះ ដល់វេនសភាសហរដ្ឋអាមេរិកវិញម្ដង ដែលបានបញ្ចេញប្រតិកម្មចំពោះការធ្វើបាបទៅលើបក្សប្រឆាំងដោយរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន។ក្នុងលិខិតផ្ញើទៅកាន់លោក ហ៊ុន សែន សភាសហរដ្ឋអាមេរិក បានស្នើឲ្យនាយករដ្ឋមន្ត្រីកាន់អំណាច ៣ទសវត្សរ៍រូបនេះ បញ្ឈប់នូវការធ្វើបាប និងធ្វើទុក្ខបុកម្នេញទៅលើអ្នកនយោបាយបក្សប្រឆាំង ពិសេសត្រូវលុបចោលដីកាតាមចាប់ខ្លួនលោក សម រង្ស៊ី ហើយប្រគល់សមាជិកភាពជាតំណាងរាស្ត្រឲ្យលោក សម រង្ស៊ី វិញ។ រដ្ឋាភិបាលកម្ពុជា ក៏ត្រូវបញ្ចប់ការប្រើប្រាស់រាល់ទម្រង់ហិង្សានយោបាយលើបក្សប្រឆាំង និងបង្កើតបរិយាកាសល្អប្រសើរដើម្បីធ្វើឲ្យប្រជាធិបតេយ្យរីកលូតលាស់នៅកម្ពុជា។