លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ លើកឡើងថា តុលាការចេញដីកាចាប់ខ្លួន លោក តាមបណ្ដឹងរបស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នោះថា ជារឿងប្រមាថដល់ប្រមុខដឹកនាំរដ្ឋាភិបាលកំពូលៗ រួមទាំងព្រះមហាក្សត្រផង។លោក សម រង្ស៊ី បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី៦ ធ្នូ ដោយចាត់ទុកករណីតុលាការចេញដីកាចាប់ខ្លួនលោកនេះថា ជារឿងកំប្លែងនយោបាយ។លោក សម រង្ស៊ី បានរំលឹកថា កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៤ លោកបានទៅចូលរួមពិធីសច្ចាប្រណិធាននៅព្រះបរមរាជវាំងមុននឹងចូលកាន់តំណែងជាអ្នកតំណាងរាស្ត្រជាប់ឆ្នោត។ ពិធីសច្ចាប្រណិធាននោះ បានធ្វើឡើងក្រោមព្រះរាជាធិបតី នៃព្រះមហាក្សត្រ ក្នុងនោះក៏មានវត្តមានប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានតុលាការកំពូល និងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប.ដែរ។