កិច្ចប្រជុំសភាតំបន់អាស៊ី ហៅកាត់ថា អេ.ភី.អេ (APA) លើកទី៨ កាលពីថ្ងៃទី៨ ខែធ្នូ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ បានជជែកលើប្រធានបទ វប្បធម៌សន្ទនាខណៈដែលវប្បធម៌សន្ទនានៅកម្ពុជា កំពុងប្រេះស្រាំ។សមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា ដែលចូលរួមកិច្ចប្រជុំនេះ គឺលោក ឈាង វុន អះអាងថា កិច្ចប្រជុំដំណើរការធម្មតា បើទោះជាគ្មានវត្តមានតំណាងរាស្ត្រគណបក្សប្រឆាំងចូលរួមក្ដី។ ចំណែកអ្នកវិភាគសង្គមយល់ថា អ្នកនយោបាយខ្មែរគួរខ្មាសបរទេស ដែលលើកយកកិច្ចសន្ទនាមកនិយាយចំពេលដែលអ្នកនយោបាយខ្វះការជជែកគ្នា។សមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានសភាក្រុមជាតិ អេ.ភី.អេ (APA) លោក ឈាង វុន ថ្លែងប្រាប់អ្នកសារព័ត៌មានថា សមាជិកសភាតំបន់អាស៊ី អេ.ភី.អេ មិនបានលើកឡើង ឬសួរនាំពីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលមិនចូលរួមក្នុងកិច្ចប្រជុំនេះទេ។