នៅព្រឹកថ្ងៃច័ន្ទនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ននឹងការបរិភោគចំណីអាហារ ដោយលោកបង្ហាញការព្រួយបារម្ភពីការពុលចំណីអាហារនាពេលថ្មីៗនេះ ដូចជាពុលស្រាស សាច់ឆ្កែនិងនំបញ្ចុកជាដើម។ក្នុង«ពិធីផ្សព្វផ្សាយការបញ្ជ្រាបទស្សនទាន សីលធម៌ សាសនា ដើម្បីសុដុមនីយកម្មនៅកម្ពុជា» ដែលធ្វើឡើងនៅកោះពេជ្រ លោក ហ៊ុន សែន បានថ្លែងថាថ្មីៗនេះមានការពុលស្រាសនិងសាច់ឆ្កែនៅក្នុងខេត្តក្រចេះ ដែលលោកថាប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ននឹងការបរិភោគអាហារនិង ស្រាទាំងនេះ។ លោកបន្តថាអាជ្ញាធរមានការទទួលខុសត្រូវក្នុងការ ត្រួតពិនិត្យសុវត្ថិភាពចំណីអាហារនៅលើទីផ្សារ ប៉ុន្តែមិនអាចតាមដានប្រជាពលរដ្ឋម្នាក់ៗនោះទេ។