លោក អេង ឆៃអ៊ាង តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានឱ្យដឹងថា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិទាំងអស់ នឹងចូលរួមប្រជុំសភាពេញអង្គ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ ខាងមុខនេះ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួន៣ ជាមួយសមាជិករដ្ឋសភា មកពីគណបក្សប្រជាជនកម្ពុជា ក្រោយពេលធ្វើពហិកាអស់រយៈពេលជាង១ខែ ។សេចក្តីព្រាងច្បាប់ដែលនឹងលើកយកមកពិភាក្សា នៅថ្ងៃពុធសប្តាហ៍នេះ រួមមាន ១-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើពិធីសារសម្រាប់ធ្វើវិសោធនកម្ម កិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្ម ពិភពលោក ដើម្បីបញ្ជូលកិច្ចព្រមព្រៀង ស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម ទៅក្នុងឧបសម្ព័ន្ធ១ក នៃកិច្ចព្រមព្រៀងម៉ារ៉ាកេស។ ២-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតមជ្ឈមណ្ឌលជីវៈចម្រុះអាស៊ាន និង៣-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី សុខភាពសត្វ និងផលិតកម្មសត្វ។ ប្រភពអង្គភាពព័ត៌មាន Fresh News