លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ រយៈពេលពីរថ្ងៃ ចាប់ពីទី១៨ ខែធ្នូ ដោយនឹងចុះហត្ថលេខាលើឯកសារមួយចំនួន ក្នុងនោះក៏មានកិច្ចព្រមព្រៀងនៃការប្រើប្រាស់កម្លាំងពលកម្មផងដែរ។សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាចេញផ្សាយកាលពីថ្ងៃចន្ទ ឲ្យដឹងថាដំណើរទស្សនកិច្ចនេះតបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ច័ន្ទអូចា ក្នុងឱកាសខួបលើកទី៦៥នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជានិងថៃ។