ប្រធានគណបក្សប្រឆាំងបានបង្ហាញនូវភាពទន់ភ្លន់ចង់ដោះស្រាយបញ្ហារវាងខ្មែរនិងខ្មែរដោយមិនចាំបាច់ពឹងបរទេសដែលលោកថា«ប្រវត្តិសាស្ត្របង្ហាញថានៅទីបំផុតបានធ្វើឲ្យខ្មែរបាត់បង់ទឹកដី»។លោក សម រង្ស៊ី បានថ្លែងទៅកាន់អ្នកគាំទ្រលោកនៅវត្តរស្មីសាមគ្គីប្រទេសបារាំង កាលពីថ្ងៃអាទិត្យដោយនិយាយថារាប់រយឆ្នាំកន្លងមកខ្មែរតែងតែរត់ទៅ ពឹងប្រទេសក្រៅនៅពេលមានជម្លោះរវាងខ្មែរនិងខ្មែរដើម្បីឈ្នះខ្មែរ ម្ខាងទៀត។ នេះតាមហ្វេសប៊ុករបស់លោកចុះផ្សាយកាលពីថ្ងៃអង្គារទី១៥ធ្នូម្សិលមិញនេះ។លោក សម រង្ស៊ី មានប្រសាសន៍ថា៖ «ប្រវតិ្តសាស្រ្ត ខ្មែរ៤០០ឆ្នាំកន្លងមកយើងឃើញថាខ្មែរតែងតែឈ្លោះគ្នាមិនឈប់ ហើយនៅពេលមានជម្លោះខ្មែរដូចគ្នា។ ខ្មែរម្ខាងដើម្បីឈ្នះត្រូវតែពឹងផ្អែកលើប្រទេសក្រៅដែលចំនុចនេះ យើងត្រូវតែដកចេញព្រោះវាមិនបានផ្ដល់ផលប្រយោជន៍មកជាតិខ្មែរទេ»។