មេដឹកនាំបក្សប្រឆាំងលោក កឹម សុខា ប្រកាសផ្សព្វផ្សាយតាមបណ្តាញសង្គមផ្ទាល់ពីប្រវត្តិ និងសកម្មភាពសិទ្ធិមនុស្ស ពីអតីតកាលដែលលោកថា ដើម្បីរំឭកខួប១០ឆ្នាំនៃការចាប់ឃុំខ្លួនពីសំណាក់រដ្ឋាភិបាល។នៅលើបណ្តាញសង្គមផ្ទាល់របស់លោក កឹម សុខា បានសរសេរថា សៀវភៅដែលគ្រោងនឹងផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែធ្នូនោះ សហការីរបស់លោក ជាអ្នកកត់ត្រាឡើង ដើម្បីបង្ហាញពីជីវប្រវត្ត និងសកម្មភាពសិទ្ធិមនុស្ស ពេលលោកធ្វើជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅពេលកន្លងទៅ។ម្យាងវិញទៀត កំណត់ត្រាបញ្ជាក់ថា លោក កឹម សុខា គឺជាអ្នកពុះពារតស៊ូដើម្បី សេរីភាព យុត្ដិធម៌និងជំរុញឲ្យមានការរីកចំរើនផ្នែកសិទ្ធិមនុស្ស គ្មានការតក់ស្លុត រហូតរដ្ឋាភិបាលចាប់ខ្លួន។កំណត់ត្រាដដែលសរសេរថា លោក កឹម សុខា ត្រូវអាជ្ញាធររាជរដ្ឋាភិបាល ចាប់ខ្លួននៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៥ វេលាម៉ោង១៣ និង៣០នាទី នៅស្នាក់ការកណ្តាល ក្នុងរាជធានីភ្នំពេញ។