លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាឲ្យសាលារាជធានីភ្នំពេញជួយសម្របសម្រួលឲ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវវ៉េងស្រេង អាចប្រើប្រាស់ផ្លូវរបស់ក្រុមហ៊ុនថូលវេបាន ដោយមិនចាំបាច់បង់ប្រាក់។លោក ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុករបស់លោកកាលពីល្ងាចថ្ងៃអាទិត្យនេះថាលោកទើបបានដឹងថា រថយន្តគ្រួសាររស់នៅតាមបណ្តោយផ្លូវវ៉េងស្រេង ត្រូវក្រុមហ៊ុនយកប្រាក់១១០០រៀលក្នុងរថយន្ត១គ្រឿងឬត្រូវបិទស្ទិកឃើ(sticker) ក្នុងតម្លៃ១៣២០០០រៀលសម្រាប់រថយន្ត១គ្រឿង។ លោកបន្តថាប្រជាពលរដ្ឋបានផ្ញើព័ត៌មាននេះ មកកាន់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក។លោក ហ៊ុន សែន បានសរសេរបន្តថា៖ “សម្រាប់ខ្ញុំ ទោះតម្លៃមួយណាក៏ដោយបងប្អូនមិនត្រូវបង់ថ្លៃផ្លូវឬបង់ថ្លៃធ្វើsticker នោះទេ។ ខ្ញុំបានបញ្ជាឲ្យអភិបាលក្រុងធ្វើSticker ជូនបងប្អូនដោយមិនចាំបាច់បង់ប្រាក់សម្រាប់ រថយន្តគ្រួសារដែលរស់នៅតាមបណ្តោយផ្លូវនិងស្ថិតក្នុងតំបន់ដែលក្រុមហ៊ុនធ្វើវិនិយោគ។ បងប្អូនត្រូវបំពេញកាត្វកិច្ចបង់ពន្ធផ្លូវជូនរដ្ឋតាមការកំណត់នៃច្បាប់ តែមិនត្រូវបង់ថ្លៃផ្លូវមុខផ្ទះបងប្អូននោះទេ”។