លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានប្រកាសថាលោកនឹងកាត់ដៃស្តាំរបស់លោកចោល ប្រសិនបើលោកចុះហត្ថលេខាលើកលែងទោសឲ្យប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ដោយសារប្រឈមនឹងដីកាចាប់ខ្លួន។ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ដែលធ្វើឡើងនៅកោះពេជ្រ លោក ហ៊ុន សែន បានថ្លែងមិនចំឈ្មោះលោក សម រង្ស៊ី នោះទេ តែលោកថាលោកបានលើកលែងទោសពីរដងរួចមកហើយ ហើយលោកនឹងមិនលើកលែងទោសជាលើកទីបីនោះទេ។ លោកបន្តថាបុគ្គលនោះដែលលោកសំដៅលើលោក សម រង្ស៊ី បានចាក់ក្រឡេករូបលោកជាបន្តបន្ទាប់ ហើយលោកថាបើខឹងកុំលេងហើយ បើលេងកុំខឹង។ លោកបន្តថាប្រសិនបើលោកលើកលែងទោសជាលើកទី៣ លោកនឹងកាត់ដៃស្តាំខ្លួនឯងចោល។លោក ហ៊ុន សែន បានថ្លែងថា៖ “ខ្ញុំសូមផ្តាំត្រឡប់ទៅវិញ បើខ្ញុំចុះហត្ថលេខាលើកលែងទោស ខ្ញុំនឹងកាត់ដៃខ្លួនឯងចោល។…អញ្ចឹងខ្ញុំសូមផ្តាំទៅវិញ បើលើកទីបី ខ្ញុំនឹងកាត់ដៃខ្លួនឯងក្រវាត់ចោល”។