ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ស្អែកនេះ ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទាំង ៩រូប នឹងបើកកិច្ចប្រជុំពិនិត្យ និង ជម្រុះបេក្ខភាព ដាក់ពាក្យប្រកួតប្រជែង យកតំណែងអគ្គលេខាធិការ និង អគ្គលេខាធិការង គ.ជ.ប បន្តទៀត ដោយរក្សាទុកតែ ១៥រូបប៉ុណ្ណោះ។ ក្នុងនោះបេក្ខភាពអគ្គលេខាធិការរក្សាទុក ៣រូប និង អគ្គលេខាធិការរងចំនួន ១២រូប។សូមបញ្ជាក់ថា មានបេក្ខភាពមកពីចម្រុះស្ថាប័នចំនួន ១២៤រូប រួមទាំងលោក ទេព នីថា អគ្គលេខាធិការនាពេលបច្ចុប្បន្ន និងអគ្គលេខាធិការរងដទៃទៀតផងដែរ បានដាក់ពាក្យប្រកួតប្រជែងយកតំណែងអគ្គលេខាធិការ និង អគ្គលេខាធិការរង គ.ជ.ប។លោក ហង់ ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប អះអាងប្រាប់ឲ្យដឹង នៅរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦នេះថា ដោយសារបេក្ខភាពទាំងនោះ មិនបានបំពេញតាមលក្ខខណ្ឌរបស់ គ.ជ.ប ដូចជាកម្រិតសិក្សា មិនបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ និង បេក្ខភាពខ្លះទៀត មិនមានបញ្ជាក់ពីប្រវត្តិ និងរយៈពេល នៃការបំពេញការងារ។ប្រភព Fresh News