លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះ នៅបានជួបជជែកគ្នាជាមួយប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា នៅក្នុងរដ្ឋសភា ប៉ុន្តែមិនដឹងថាពិភាក្សាលើប្រធានបទអ្វីនោះទេ។តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក កង គឹមហាក់ បានបង្ហោះវីដេអូឃ្លីបមួយដែលថតពីការជជែកគ្នារវាងលោក ហ៊ុន សែន និងលោក កឹម សុខា។ បើតាមវីដេអូនោះ ការជជែកគ្នារវាងថ្នាក់ដឹកនាំទាំងពីរ គឺចំពេលតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក សុន ឆ័យ កំពុងថ្លែងទៅកាន់រដ្ឋសភា។លោកបញ្ជាក់ថាការចរចានោះមានរយៈពេលប្រមាណពី៣ទៅ៤នាទី។ លោក កង គឹមហាក់ បានសរសេរនៅលើហ្វេសប៊ុករបស់លោកថាក្រោយជំនួបរយៈពេលខ្លីរបស់លោកកឹម សុខា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ហ៊ុន សែន បានសម្រេចលុបចោលកិច្ចសន្យាជាមួយក្រុមហ៊ុនអេហ្សិត ដោយឈប់យកលុយផ្លូវជាតិលេខ៤ចាប់ពីយប់ថ្ងៃទី១៣ខែមករាតទៅ។